• English
  • ភាសាខ្មែរ
  • Chinese

សហជីពកម្ពុជា (NACC & CCTU) សហការជាមួយ VGCL បើកវគ្គបណ្តុះបណ្តាលពង្រឹងភាពជាអ្នកដឹកនាំសហជីពឆ្លាតវៃនៅទីក្រុងហូជីមិញ

(ទីក្រុងហូជីមិញ)៖ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំកំពូលនៃសហជីពកម្ពុជា រួមមាន លោក គឹម ចាន់សំណាង ប្រធាន NACC និង លោក ឈិន សូនី ប្រធាន CCTU បានដឹកនាំប្រតិភូ និងសិក្ខាកាមចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលប្រចាំឆ្នាំ ស្តីពីការអភិវឌ្ឍសមាជិក ការបង្កើតសហជីពមូលដ្ឋាន និងការងារត្រួតពិនិត្យ តាមដាន ដែលសហការរៀបចំឡើងដោយសហព័ន្ធការងារវៀតណាម (VGCL) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
ថ្លែងមតិស្វាគមន៍បើកកម្មវិធីយ៉ាងកក់ក្តៅ លោកស្រី ថាយ ធូសឿង (Thai Thu Xuong) អនុប្រធាន VGCL បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការ ចំណងសាមគ្គីភាព និងការលើកកម្ពស់សកម្មភាព ព្រមទាំងជំនាញសហជីពរវាងប្រទេសទាំងពីរ។ លោកស្រីបានគូសបញ្ជាក់ពីតម្រូវការចាំបាច់ក្នុងការពង្រឹង និងពង្រីកសហជីពតាមរោងចក្រសហគ្រាសតាមបែបសម័យទំនើប និងការស្វែងរកដំណោះស្រាយសមស្របដើម្បីរក្សាទំនាក់ទំនងវិជ្ជាជីវៈល្អនៅកន្លែងការងារ។ ជាមួយគ្នានេះ លោកស្រីបានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ចូលរួមយ៉ាងសកម្ម និងម្ចាស់ការក្នុងការសិក្សា ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ការងារជាក់ស្តែងរវាងប្រទេសទាំងពីរ ដើម្បីផ្តល់ចំណេះដឹង ជំនាញថ្មីៗបន្ថែម និងរួមគ្នារកដំណោះស្រាយប្រឈមនានាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ជាការឆ្លើយតប លោក ឈិន សូនី ប្រធាន CCTU បានរំលេចពីចំណងសាមគ្គីភាពដ៏រឹងមាំតាមរយៈ MoU តាំងពីឆ្នាំ២០០៤ ដោយលោកបានបញ្ជាក់ថា ការអភិវឌ្ឍសមាជិក និងការបង្កើតសហជីពមូលដ្ឋានតាមសហគ្រាសឯកជន មិនត្រូវផ្តោតតែលើចំនួននោះទេ គឺត្រូវកសាងសមាជិកឱ្យមានការយល់ដឹង ទំនុកចិត្ត ព្រមទាំងជំរុញការចូលរួមពីយុវជន និងស្ត្រី ដើម្បីធានានិរន្តរភាពដឹកនាំ។

ទន្ទឹមនឹងនេះ លោក គឹម ចាន់សំណាង ប្រធាន NACC (ដែលមានសមាជិកជាង ៤៥ម៉ឺននាក់) បានគូសបញ្ជាក់ពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលប្រចាំឆ្នាំនេះ ថាជាឱកាសដ៏មានតម្លៃសម្រាប់សិក្ខាកាមកម្ពុជាក្នុងការស្រូបយកចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ដើម្បីកសាងភាពជាអ្នកដឹកនាំសហជីពប្រកបដោយភាពឆ្លាតវៃ និងស្មារតីទទួលខុសត្រូវខ្ពស់។ ជំនាញទាំងនេះនឹងជួយឱ្យថ្នាក់ដឹកនាំសហជីពអាចបត់បែន និងពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែរឹងមាំ ស្របតាមការវិវត្តនៃចង្វាក់ផលិតកម្មសម័យទំនើប តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល (Digital) និងបញ្ញាសិប្បនិម្មិត (AI)។ លើសពីនេះ លោកក៏បានលើកឡើងពីក្តីបារម្ភចំពោះផលប៉ះពាល់ពីវិបត្តិសកល ដែលបណ្តាលឱ្យការបញ្ជាទិញធ្លាក់ចុះ។

ជាចុងក្រោយ ថ្នាក់ដឹកនាំសហជីពកម្ពុជាទាំងពីរស្ថាប័ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ VGCL និងបានជំរុញឱ្យសិក្ខាកាមទាំងអស់ យកចំណេះដឹង និងបទពិសោធន៍ដែលទទួលបាន ទៅអនុវត្តជាក់ស្តែងនៅតាមមូលដ្ឋាន ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិតឱ្យកាន់តែមានប្រសិទ្ធភាព។


 

អត្ថបទទាក់ទងដទៃទៀត