• English
  • ភាសាខ្មែរ
  • Chinese

លោកជំទាវ សៅ ស្រីពៅ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះជួបសំណេះសំណាលបងប្អូនកម្មករនិយោជិតនៅក្រុមហ៊ុន អ៉ីស្ដក្រោន ហ៊្វូតវែរ អ៉ិនដាសស្រ្ទី ឯ.ក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ សៅ ស្រីពៅ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្ដី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្រ្ដីជំនាញចុះពិនិត្យមើលស្ថានភាពការងារ សំណេះសំណាលជាមួយភាគីក្រុមហ៊ុន តំណាងកម្មករសហជីព និងទទួលទានអាហារសាមគ្គីថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតដែលកំពុងបំរើការងារប្រមាណជាជាងពីរពាន់នាក់ នៅក្រុមហ៊ុន អ៉ីស្ដក្រោន ហ្វ៊ូតវែរ អ៉ិនដាសស្រ្ទី ឯ.ក ដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 

នាឱកាសចុះជួបសំណេះសំណាល ក៏មានការចូលរួមពីភាគីខាងក្រុមហ៊ុន លោក ផឹង ធាឈីវ នាយកក្រុមហ៊ុន លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា និងបុគ្កលិកក្រុមហ៊ុនមួយចំនួនផងដែរ។

 

ក្នុងកំឡុងពេលសួរសុខទុកនោះបងប្អូនកម្មករនិយោជិត សប្បាយចិត្ដ និងរីករាយនៅពេលឃើញថ្នាក់ដឹកនាំក្រសួង ចុះមកដល់ទីតាំងរោងចក្រផ្ទាល់ ដែលធ្វើឱ្យកម្មករនិយោជិតមានភាពកក់ក្ដៅកាន់តែខ្លាំង ដែលនេះបានបង្ហាញអំពីការយកចិត្ដទុកដាក់ខ្ពស់ចំពោះកម្មករ។

ក្នុងពេលចុះពិនិត្យនោះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានសាកសួរផ្ទាល់អំពីលក្ខខណ្ឌការងារ ការបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗដែលរដ្ឋាភិបាលបានផ្ដល់ជូនដល់បងប្អូនកម្មករជាដើម។

 

ការចុះជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គីនេះ លោកជំទាវក៏បានលើកឡើងថា នេះជាកិច្ចការមួយដ៏ល្អប្រសើរ ដែលវាបង្ហាញពីស្មារតីនៃការយកចិត្ដទុកដាក់ និងអាចពិនិត្យមើលស្ថានភាពការងាររបស់បងប្អូនកម្មករជាក់ស្ដែង និងការតាមដានលើអនុវត្ដលក្ខខណ្ឌការងាររបស់ខាងក្រុមហ៊ុនទៀតផង។