• English
  • ភាសាខ្មែរ
  • Chinese

លោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស ចំពោះអំពើចាប់រំលោភមកលើពលករស្ត្រីកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃ

ក្នុងនាមជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ​ សហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា ដែលជាអង្គការវិជ្ជាជីវៈតំណាងឱ្យកម្មករនិយោជិត ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ, ផលិតស្បែកជើង និងកាបូប ដែល​​កំពុងបម្រើការងារនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាននានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើហិង្សា និងការរំលោភបំពានផ្លូវភេទដ៏សាហាវ ដែលបានប្រព្រឹត្តទៅលើ ពលការិនីចំណាកស្រុកកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ អំពើនេះគឺជាការ រំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិជាតិនៃពលករចំណាកស្រុក ដែលត្រូវបានការពារយ៉ាងខ្ជាប់ខ្ជួនដោយច្បាប់ជាតិ ធម្មនុញ្ញ លិខិតតុបករណ៍អាស៊ាន ច្បាប់អន្តរជាតិ និងអនុសញ្ញា CEDAW ។ ករណីរំលោភបំពានដ៏ឃោរឃៅដែលមិនអាចទទួលយកបាននេះ មិនត្រឹមតែជាអំពើអមនុស្សធម៌ទៅលើជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការ បំពានលើគោលការណ៍មនុស្សធម៌ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមានបំណងលើកកម្ពស់ និងធានាសិទ្ធិមនុស្សនៅក្នុងតំបន់។ ជាងនេះទៅទៀត យើងខ្ញុំមានការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវប្បធម៌និទណ្ឌភាព (Impunity) និងការមិនគោរពសិទ្ធិនារី ពាក់ព័ន្ធនឹងកងកម្លាំងយោធាឈុតខ្មៅរបស់ថៃ ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់សុវត្ថិភាព និងសិទ្ធិរបស់ពលការិនីកម្ពុជា និងក្រុមជនក្រីក្រចំណាកស្រុកដទៃទៀត។

យើងខ្ញុំសូមអំពាវនាវដល់ សហគមន៍អន្តរជាតិ រួមមាន អង្គការសហប្រជាជាតិ (UN) អាស៊ាន (ASEAN) គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្ដីពីសិទ្ធិមនុស្ស (AICHR), អង្គការសហប្រជាជាតិទទួលបន្ទុកស្ត្រី (UN Women)និងគណៈកម្មការទទួលបន្ទុកអនុសញ្ញា CEDAW ត្រូវតែមាន វិធានការច្បាស់លាស់ និងបន្ទាន់ ដូចខាងក្រោម៖

  • ធានាការបញ្ឈប់ អំពើហិង្សា និងការរំលោភសិទ្ធិស្ត្រីទាំងអស់ជាបន្ទាន់ និងធានាឱ្យមាន យុត្តិធម៌ពេញលេញ សម្រាប់ជនរងគ្រោះ។
  • ស្នើសុំអង្គការជាតិ និងអន្តរជាតិ រួមមាន UN, ASEAN, AICHR, UN Women, CEDAW និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ លើកងទ័ពឈុតខ្មៅថៃ និង ចាប់ផ្ដើមស៊ើបអង្កេតឯករាជ្យ ដើម្បីធានាការទទួលខុសត្រូវតាមផ្លូវច្បាប់ និងជំរុញឱ្យរាជរដ្ឋាភិបាលថៃអនុវត្តវិធានការឆ្លើយតបបន្ទាន់។កំណត់អំពើនេះជាឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយក្រុមប្រឹក្សាសន្តិសុខ UN និង OHCHR ហើយចាប់ផ្ដើមដំណើរការ ស៊ើបអង្កេតអន្តរជាតិ ដើម្បីធានាការទទួលខុសត្រូវតាមផ្លូវច្បាប់។
  • រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ និងកងទ័ព ត្រូវទទួលស្គាល់ និង ទទួលខុសត្រូវពេញលេញ លើអំពើឃោរឃៅនេះ ហើយបញ្ចប់វប្បធម៌និទណ្ឌភាព ដែលនាំឱ្យអំពើបំពានលើស្ត្រីកើតឡើងជាបន្តបន្ទាប់។ ត្រូវចាត់វិធានការ ដាក់ទណ្ឌកម្មច្បាស់លាស់ លើមន្ត្រី និងកងទ័ពពាក់ព័ន្ធ និងធានាយុត្តិធម៌ដល់ជនរងគ្រោះ។
  • អាស៊ាន និងរាជរដ្ឋាភិបាលថៃ ត្រូវគោរពធម្មនុញ្ញអាស៊ាន និងសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន (AHRD) ដោយធានាថាសិទ្ធិមនុស្ស និងសិទ្ធិស្ត្រីត្រូវបានគោរពពេញលេញ។ អាស៊ានត្រូវប្រើប្រាស់យន្តការសន្តិសុខ និងសិទ្ធិមនុស្ស ដើម្បី តាមដាន ការពារ និងបញ្ឈប់ ករណីឧក្រិដ្ឋកម្មបំពានលើស្ត្រី និងក្រុមជនក្រីក្រ។
  • ធានាថាជនរងគ្រោះទទួលបានជំនួយបន្ទាន់ សុវត្ថិភាព ការគាំទ្រផ្លូវច្បាប់ ការថែទាំសុខភាព និងសេវាកម្មសង្គមផ្សេងៗដោយរាជរដ្ឋាភិបាលថៃ ហើយមន្ត្រីពាក់ព័ន្ធ មិនត្រូវបង្កការគំរាមកំហែង ឬរារាំងដល់ការធ្វើដំណើរវិលត្រឡប់របស់ពលករចំណាកស្រុកកម្ពុជាឡើយ។

សហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិការទាំងអស់ សូមអំពាវនាវដល់ស្ថាប័នអន្តរជាតិ និងរាជរដ្ឋាភិបាលពាក់ព័ន្ធទាំងអស់ ចាត់វិធានការយ៉ាងរហ័ស និងច្បាស់លាស់ ដើម្បីការពារសិទ្ធិស្ត្រី សិទ្ធិពលករ និងជនរងគ្រោះទាំងអស់៕

相关文章